រ៉េត ស៊ូហ្សាណា ថៅកែពេញចិត្ត ប្រឹងលើកស្ទួយ

អតីតបេក្ខភាព Cambodian idol រដូវកាលទី១ រ៉េត ស៊ូហ្សាណា ដែលឆក់ឱកាសបានធ្វើជាតួឯកក្នុងរឿង “បិសាចគួរឱ្យស្រលាញ់” នោះ ពេលនេះបានបោះមួយជំហានទៀត គឺក្លាយទៅជាអ្នកតំណាងរបស់ក្រុមហ៊ុនទូរស័ព្ទ Oppo ដូចពេជ្រ សោភា ផងដែរ ដែលធ្វើឱ្យតម្លៃខ្លួនអ្នកចម្រៀងវ័យក្មេងរូបនេះ កើនឡើងខ្ពស់ជាងមុន ខណៈដែលហង្សមាស ពេញចិត្តរ៉េត ស៊ូហ្សាណា និងប្រឹងលើកស្ទួយជាងតារាស្រីវ័យក្មេងដទៃទៀត…។

ក្រោយធ្លាក់ចេញពីកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី1 នៅវគ្គពាក់កណ្តាលផ្តាច់ព្រត្រ័ភ្លាម កញ្ញារ៉េត ស៊ូហ្សាណា បានរងការរិះគន់ជាច្រើនពីអ្នកលេងបណ្តាញសង្គម Facebook ដោយមានការលើកឡើងថា ស៊ូហ្សាណា ច្រៀងមិនកើត ទាំងបទខ្មែរ និងបទអង់គ្លេស អក្ខរាវិរុទ្ធមិនសូវច្បាស់។ ប៉ុន្តែ ហង្សមាស មិនខ្វល់ការរិះគន់លើរ៉េត ស៊ូហ្សាណា ឡើយ គឺបែរជាទាញមកយកចូលជ្រកនៅទ្រនំរបស់ខ្លួន ដោយបញ្ចូលទៅក្នុងចំណោមអ្នកចម្រៀងខ្លាំងៗទៀតផង។

ចម្ងល់របស់មហាជនថា ហេតុអ្វីបានជាហង្សមាស ប្រឹងលើកស្ទួយតារាស្រីសាច់សខ្ចីរ៉េត ស៊ូហ្សាណា ជាងតារាវ័យក្មេងដទៃទៀត?

អ្នកចាត់ការទូទៅផលិតកម្មរស្មីហង្សមាស លោកអ៊ឹង សុខលាភ មិនលើកទូរស័ព្ទអ្នកកាសែតឡើយ តាំងពីក្លាយទៅជាកូនប្រសាលោកឧកញ៉ាតាំង ផេងប៉ោ ទើបមិនអាចសុំការបញ្ជាក់បាន។ ប៉ុន្តែ អ្នកធ្វើភ្លេងនៅហង្សមាស និយាយដោយសុំមិនបញ្ចោញឈ្មោះថា ចំណុចសំខាន់របស់រ៉េត ស៊ូហ្សាណា នោះ គឺនៅលើរូបសម្រស់តែម្តង ព្រោះស្អាតជាងតារាវ័យក្មេងដទៃទៀត ងាយស្រួលផលិតកម្មលើកទាំងការថតភាពយន្ត និងច្រៀង។

អ្នកជំនាញសិល្បៈរូបនោះបញ្ជាក់ថា “ពេលនេះតារាចម្រៀងត្រូវមានទាំងរូបសម្រស់ និងសំឡេង ព្រមគ្នា ទើបអាចទៅរួច អីចឹងតារាថ្មីៗ ទោះជាសំឡេងនៅស្ទើរ ឱ្យតែស្អាត ក្រុមហ៊ុនអាចយកមកបណ្តុះបណ្តាលបាន តែបើសំឡេងល្អ ហើយតែមិនសូវស្អាត គឺពិបាកលើកដែរ។ ចំពោះស៊ូហ្សាណា មិនអាចខ្លាំងដូចឱក សុគន្ធកញ្ញា, មាស សុខសោភា អីទេ គឺគ្រាន់តែច្រៀងបានសម្រាប់ទីផ្សារយុវវ័យប៉ុណ្ណោះ អ្នកវ័យកណ្តាលឡើងទៅ ក៏មិនសូវត្រូវដែរ និយាយទៅ បានរូបសម្រស់ ទស្សនីយភាពលើឆាក តែគុណភាពសំឡេង គឺមិនខ្លាំងប៉ុន្មានទេ សំឡេងនៅស្អិតៗ តែហង្សមាស មានអ្នកខ្លាំងច្រើនជួយបណ្តុះបណ្តាល អីចឹង ហ្សាណា នៅក្មេង អាចនឹងមានការអភិវឌ្ឍល្អជាងហ្នឹង នៅពេលខាងមុខ”។

ដោយសារមានសាច់សខ្ចីដូចបណ្តូលចេក និងត្រេមុខដូចកូនកាត់ជប៉ុននោះ រ៉េត ស៊ូហ្សាណា ត្រូវបានលោកថៅកែហង្សមាស ពេញចិត្ត និងជំរុញឱ្យនាងឈានចូលទៅថតសម្តែងជាតួឯកក្នុងរឿងភាគ “បិសាចគួរឱ្យស្រលាញ់” ដែលប៉ះជាមួយប្អូនប្រុសលោកសុខ សេរីវឌ្ឍនា លោក Step ទៀតផង ដើម្បីឱ្យស្រីក្មេងរូបនេះ កាន់តែរុលទៅមុខថែមទៀត បើទោះជាមានតារាមួយចំនួននៅហង្សមាស ច្រណែនស៊ូហ្សាណា ថា លើកតែនាងជាងតារាផ្សេងក៏ដោយ តែលោកថៅកែហង្សមាស មិនចាប់អារម្មណ៍ឡើយ។

រ៉េត ស៊ូហ្សាណា ដែលកំពុងមានយីអ៊ុនច្រៀង Concert 1កម្មវិធី ស៊ីថ្លៃជាង1ពាន់ដុល្លារ ស្មើ ឬលើស តម្លៃខ្លួនម្ចាស់ពានតារាចម្រៀងនៅរួមទ្រនំនោះ ស្រាប់តែពេលនេះ នាងត្រូវបានក្រុមហ៊ុនទូរស័ព្ទ Oppo ជ្រើសយករូបនាងធ្វើជាអ្នកតំណាង Oppo ជាមួយលោក Step ទៀតផង ហើយអ្នកចម្រៀងសាច់ខ្ចីល្ហក់រូបនេះ បានចេញច្រៀងឃោសនាឱ្យក្រុមហ៊ុន Oppo ជាលើកដំបូង កាលពីរាត្រីថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2017 ដោយនាងនិយាយដោយសប្បាយរីករាយថា ជាកិត្តិយសដ៏ធំមួយ សម្រាប់នាងដែលបានធ្វើជាប្រេនរបស់ Oppo នោះ តែស៊ូហ្សាណា មិនបញ្ជាក់ថា នាងបានទទួលតម្លៃខ្លួនប៉ុន្មានឡើយ។

រ៉េត ស៊ូហ្សាណា ដែលជ្រកនៅក្រោមដំបូលធំហង្សមាស ជាង1ឆ្នាំនេះ ល្បី2បទ គឺបទ “ឈប់” និងបទ “ប្រយោគស្នេហ៍” ដែលមានយុវវ័យគាំទ្រលើរូបនាង ហើយអ្នកធ្លាប់រិះគន់ហ្សាណា ហាក់ស្ងប់ស្ងាត់បន្តិច ក្រោយពេលបទទាំងនេះត្រូវបានគេចូលចិត្ត។

អ្នកចម្រៀងទើបពេញវ័យក្រមុំ រ៉េត ស៊ូហ្សាណា ក៏បានវិវឌ្ឍខ្លួនក្លាយទៅជាតារាចម្រៀង ដែលមានក្បាច់រាំដ៏រស់រវើកផងដែរ ដោយមានក្រុមរាំអមដូចតារាល្បីៗរៀមច្បងដែរ ហើយតាមព័ត៌មានថា នៅពេលដែលកូនប្រុសព្រាប សុវត្ថិ ឈ្មោះសុវត្ថិ មុនីវណ្ណ ដែលបានក្លាយទៅជាតារាចម្រៀងរបស់ហង្សមាស ជាផ្លូវការនោះចេញបទចម្រៀងស្រីស្រស់ប្រុសសង្ហារូបនេះ នឹងចាប់ដៃគូគ្នាច្រៀងសម្តែងជាមួយគ្នាផងដែរ ដើម្បីឱ្យកាន់តែមានការចាប់អារម្មណ៍ថែមទៀតពីមហាជន។

ប្រភពបានឱ្យដឹងថា រ៉េត ស៊ូហ្សាណា នឹងត្រូវហង្សមាស បន្តឱ្យសម្តែងជាតួឯកក្នុងរឿងភាគថ្មីៗទៀត របស់ហង្សមាស ព្រោះអ្នកដឹកនាំរឿងមានការពេញចិត្តនូវសមត្ថភាពស្រីស្អាតរូបនេះថា ច្រៀងក៏បានសម្តែង ក៏បានអីចឹង លោកថៅកែហង្សមាស ពេញចិត្តខ្លាំង។

រ៉េត ស៊ូហ្សាណា មិនធ្លាប់ប៉ះរឿងអាស្រូវកេរ្តិ៍ទេ តាំងពីចូលច្រៀងជាង1ឆ្នាំនេះ ដោយតាមកម្មវិធីសិល្បៈទាំងអស់ គឺមានឪពុកម្តាយនាងតាមជាប់ជានិច្ច ដើម្បីការពារកូនស្រីកុំឱ្យប្រុសៗតាមចែចង់។ យ៉ាងណា សម្រស់ដ៏គួរឱ្យគយគន់របស់អ្នកចម្រៀងរ៉េត ស៊ូហ្សាណា រូបនេះ ប្រាកដជាគេចមិនផុតពីមន្ត្រីធំៗ តាមស្នេហ៍រូបនាងឡើយ ហេតុនេះហើយបានជាមានការលើកឡើងថា នៅពេលដែលស៊ូហ្សាណា ត្រូវលោកថៅកែប្រឹងលើកស្ទួយទាំងចម្រៀង និងការថតកុនឱ្យកាន់តែល្បីខ្លាំងនោះ តើស្រីស្អាតវ័យក្មេងរូបនេះ អាចគេចផុតពីអន្ទាក់ស្នេហ៍ប្រុសៗអ្នកមានទ្រព្យដែរឬទេ?

ទោះជាយ៉ាងណា ស៊ូហ្សាណា មិនអាចទាក់ទងសុំយោបល់បានទេ កាលពីពេលថ្មីៗនេះ៕

ប្រភព៖ នគរធំ

Leave a Reply

Your email address will not be published. Required fields are marked *