រំជួលចិត្តណាស់! ក្មេងប្រុសម្នាក់នេះសុខចិត្តដើររើសអេតចាយ ដើម្បីព្យាបាលជម្ងឺម្តាយចុង

ចិន ៖ ពេលវេលាពិតជាកន្លងផុតទៅលឿនណាស់ អ្នកបានចាំខ្លះដែរទេថាតើអស់រយៈពេលយូរប៉ុណ្ណាហើយដែលអ្នកមិនបាន ឬបានខលលើកចុងក្រោយទៅកាន់ឪពុកម្ដាយសួរសុខទុក្ខពួកគាត់ ឬដើម្បីចែករំលែកនូវរឿងរ៉ាវផ្សេងៗដែលកំពុងកើតឡើងក្នុងជីវិតរបស់អ្នកជាមួយពួកគាត់។ វាជារឿងគួរឲ្យកំសត់មួយដោយអ្នកដែលជាឪពុកម្ដាយភាគច្រើនត្រូវបានកូនៗបង្កើតដែលគិតតែពីការរវល់ផ្សេងៗបំភ្លេចចោល លែងគិតខ្វល់ ចង់មើលថែទាំ។

ប៉ុន្តែសម្រាប់ក្មេងប្រុសម្នាក់នេះវិញ បើទោះជាគេមិនជាប់សាច់ឈាមបង្កើតអ្វីជាមួយនឹងម្ដាយចុងរបស់គេសោះក៏ដោយ ក៏គេ​មិនបោះបង់ចោលម្ដាយឡើយ គេព្យាយាមធ្វើការលំបាក និងព្រមលះបង់គ្រប់យ៉ាងតាមដែលអាច ដើម្បីមើលថែចិញ្ចឹមម្ដាយចុងរបស់គេ។ក្មេងប្រុសឈ្មោះ WangZhen មកពីតំបន់ Nanyang ខេត្ត Henan ប្រទេស ចិន ទើបនឹងមានវ័យ ១២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេប្រឹងប្រែងធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីស្វែងរកប្រាក់បង់ថ្លៃមន្ទីរពេទ្យឲ្យម្ដាយចុងរបស់គេ។ រៀងរាល់ថ្ងៃ WangZhen ដើរស្វែងរករើសអេតចាយ ឬរបស់ដែលគេបោះចោល ប៉ុន្តែនៅជាសម្រាមដែលមានតម្លៃខ្លះយកទៅលក់ ដោយសង្ឃឹមថាអាចរកប្រាក់បានគ្រប់គ្រាន់សម្រាប់ខ្លួនគេ និងម្ដាយចុងរបស់គេ។ Wangzhen ត្រូវបានម្ដាយបង្កើតបោះបង់ចោលតាំងតែពីទើបនឹងមានវ័យ ២ឆ្នាំ ហើយអ្វីដែលកាន់តែអាក្រក់ថែមទៀតនោះ គឺឪពុករបស់ WangZhen ជួបប្រទះគ្រោះថ្នាក់ដោយចៃដន្យនៅកន្លែងធ្វើសំណង់ បណ្ដាលឲ្យដៃស្ដាំរបស់គាត់ម្ខាងដាច់។

ឪពុកក្មេងប្រុសមិនអាចធ្វើការបានដូចដើម ដើម្បីផ្គត់ផ្គង់ចិញ្ចឹមគ្រួសារ ក៏ដូចជាដោះបំណុលទៀតឡើយ។ ស្ថានភាពលំបាកបន្តរហូតទាល់តែម្ដាយចុងរបស់ក្មេងប្រុសបានបង្ហាញខ្លួនចូលមកកាន់ជីវិតរបស់ពួកគេ ហើយនេះក៏ជាពេលដែលក្មេងប្រុស WangZhen បានស្គាល់នូវអារម្មណ៍ដែលទទួលបានការស្រឡាញ់ពីម្ដាយ។ ប៉ុន្តែពេលវេលាដ៏មានសុភមង្គល និងពោរពេញដោយភាពរីករាយ ត្រូវបានបញ្ចប់ នៅពេលដែលស្ត្រីជាម្ដាយចុងឈ្មោះ Liang Yingchun ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺមហារីកគ្រាប់ឈាមស។ Liang ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ ហើយត្រូវបានទទួលការមើលថែទាំពីសំណាក់ក្មេងប្រុសដែលត្រូវជាកូនចុង។ Wangzhen តែងបញ្ចុកអាហារដល់ម្ដាយចុង ក៏ដូចជាជូតញើសឲ្យម្ដាយនៅពេលដែលប្រែជាក្ដៅខ្លាំង។

ដើម្បីជួយសម្រួលដល់ឪពុកក្នុងការរកប្រាក់បង់ថ្លៃមន្ទីរពេទ្យ ក្មេងប្រុសលែងខ្វល់ពីការលំបាក ហើយព្យាយាមដើររើសអេតចាយ ក៏ដូចជារបស់មានតម្លៃអាចលក់បានផ្សេងៗតាមធុងសម្រាម។ មួយថ្ងៃគេអាចរកប្រាក់បានប្រមាណជា ២.៥០ យ័ន ( ជិត ១ដុល្លារ ) ប៉ុណ្ណោះ។ ក្មេងប្រុសនិយាយថា “មីង Liang (ម្ដាយចុង) មើលថែខ្ញុំនិងប៉ាបានល្អណាស់។ ពេលនេះ វេជ្ជបណ្ឌិតជាច្រើនបាននិយាយថា ប្រសិនបើជម្ងឺរបស់គាត់មិនទទួលបានការព្យាបាលទេ គាត់នឹងស្លាប់។ ខ្ញុំមិនអាចទ្រាំបណ្ដោយឲ្យគាត់ស្លាប់បានទេ ដូច្នេះខ្ញុំនឹងខំស្វែងរកប្រាក់ដើម្បីព្យាបាលគាត់!” ថ្វីបើមានការពិបាកជាច្រើនរាប់មិនអស់នៅក្នុងជីវិតក៏ដោយ ក៏ Wangzhen មិនដែលភ្លេចបង្ហាញស្នាមញញឹមនៅពេលដែលមានមនុស្សនិយាយពីម្តាយចុងរបស់គេឡើយ៕