​ដើមចម​ពី​ការ​វាយ​តប់​របស់​នគរបាល​សក្តិ៣ ​លើ​មន្ដ្រី​ចរាចរណ៍​ព្រោះតែ​រឿង​តូច​មួយ​សោះ​

តាម​ការ​អះអាង​របស់មន្ដ្រី​ចរាចរណ៍​ជាប់​កិច្ចសន្យា ​បាន​ឲ្យ​ដឹងថា​ តាម​ពិត​ទៅ​រឿង​ហេតុ​ គឺកើតមុន​មាន​អំពើ​ហិង្សា​ នៅ​ស្ដុប​ត្រឡោក​បែក​មុន​មួយ​ថ្ងៃ ​ពោល​ថ្ងៃទី ​០៨ ខែមករា ឆ្នាំ ២០១៨។ ​ដោយ​សារ​តែ​គរបាល​សក្តិ៣ បាន​បើក​ឡាន​ហួស​ភ្លើងស្តុប​ និងត្រូវ​មន្ដ្រី​ចរាចរណ៍​ហៅ​ណែនាំ ​ ​ប៉ុន្តែមន្ត្រីធំបែរ​ជា​មាន​គំនុំ ស្អែក​ឡើង​ ​បើក​ឡាន​មក​វាយ​ដល់​កន្លែង​កើត​ហេតុ​នៅ​ថ្ងៃទី ​០៩ ខែ​មករា​។

មន្ដ្រី​ជាប់​កិច្ចសន្យា​ រង​ការជេរ​ប្រមាថ​ និង​ធាក់​មួយជើង​ចំកណ្ដាល​ដើមទ្រូង​នោះ ​ឈ្មោះ អឿន ចំណាន ​បាន​រៀប​រាប់​ថា​​ ​ប្រសិន​បើត្រឹម​តែវាយ​ដំលោក​នោះ​មិន​អីទេ​ តែ​នេះ​ជេរប្រមាថ​ដល់ឪពុកម្ដាយ​ខ្លួនយ៉ាង​អាក្រក់​ថែមទៀត​ ហេតុ​លោក​មិនអាច​លើកលែង​បានទេ​។ នេះបើតាមសារព័ត៌មានដើមអំពិល។

យ៉ាង​ណាក្ដី​ ​នគរបាល​សក្ដិ៣ ​ឈ្មោះ ​សៅ បញ្ញា​ ​អាយុ​៣៣ឆ្នាំ​ ​បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប​ នៃ​នាយកដ្ឋាន​ប្រឆាំបទ​ល្មើស​បច្ចេកវិទ្យា​ របស់​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​បញ្ជូន​ទៅ​តុលាការ​កាត់​ក្ដី​នៅថ្ងៃទី ១០ មករា ​ផងដែរ​៕

អានបន្ត៖  ភ្ញាក់ផ្អើលពេលដឹងតួនាទីពិត របស់មន្រ្តីស័ក្ដិ៤ លើកជើងធាក់មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា

មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​រសៀល​នេះ​ថា តាម​ពិត​មន្ត្រី​នគរបាល​ ដែល​លើក​ជើង​ធាក់​ទៅ​លើ​មន្រ្តី​ចរាចរណ៍​ជាប់​កិច្ច​សន្យា​នោះ​ មិន​មែន​ស័ក្ដិ​៤ កន្លះ​ដូច​ដែល​ការ​ចុះ​ផ្សាយ​របស់​បណ្ដា​សារព័ត៌មាន​មួយ​ចំនួន​នោះ​ទេ។ តួនាទី​ពិត​ប្រាកដ​របស់​មន្រ្តី​នគរ​បាល​ ដែល​មាន​ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​ពាក់​ត្រឹម​ស័ក្ដិ​៣​ មាន​ឋានៈ​ត្រឹម​អនុប្រធាន​ការិយាល័យ រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ប៉ុណ្ណោះ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ព្រោះតែ​មន្រ្តី​នគរបាល​រូប​នេះ ពាក់​អាវ​មាន​ស័ក្ដិ​៤ មុន​ដំឡើង​ស័ក្ដិ ដែល​នឹង​ត្រូវ​ប្រកាស​ឆ្នាំក្រោយ​ឯណោះ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់​ថា មន្ដ្រីនគរបាលពាក់ស័ក្តិ៣ ច្រឡំ​ថា​ស័ក្ដិ​៤​នេះ ត្រូវបានបញ្ជូនទៅដល់តុលាការហើយ នៅវេលាម៉ោងប្រមាណ​ ២៖២០នាទី រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ ដើម្បី​វិនិច្ឆ័យ​ទោស​តាម​ផ្លូវច្បាប់។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ​ធ្លាប់បានបញ្ជាក់ថា សម្រាប់មន្ដ្រីនគរបាលដែលប្រើអំពើហិង្សារូបនេះ យោង​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន គឺ​ដាច់​ខាត​ចាត់​វិធានការណ៍តាមផ្លូវច្បាប់ គ្មានការលើកលែងនោះឡើយ។

សូម​បញ្ជាក់​ថា ករណីប្រើអំពើហិង្សាពីសំណាក់នគរបាល​ខាង​លើ​នេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ ​2AC-9099 ប៉ុន្ដែដោយខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះឃាត់​​ដើម្បី​សួរ​នាំ។ ពេលបម្រុងឃាត់សួរនាំនោះ​ ជនបង្កមិនព្រមឈប់រថយន្តនោះឡើយ លុះ​មួយ​ថ្ងៃ​ក្រោយ ក៏​បើក​មក​ម្តងទៀតស្រាប់តែចុះមករករឿងជនរងគ្រោះ រហូតប្រើហិង្សាតែម្តង។ ពេល​ចុះ​ពី​រថយន្ដ ជនបង្កបានទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើង ផ្ងា​ទៅ​ក្រោយ​បើ​ទោះ​បី​ជនរង​គ្រោះ បាន​លត់​ជង្គង់ និង​លើកដៃ​គោរព​ក្នុង​ន័យ​បង្ហាញថា សុំទោស​ក៏​ដោយ​នោះ៕ ​

Leave a Reply

Your email address will not be published. Required fields are marked *